លោកឧត្តមសេនីយ៍ត្រីជុំ សេដ្ឋាបើករថយន្តលឿនពេកជែងនិងរថយន្ត១ទៀតទៅបុកបង្គោលភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់បណ្តាលឲ្យចង់បាក់ រងរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ត្រីជុំ សេដ្ឋាមេបញ្ជាការរងនិងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យបានបើករថយន្តទៅបុកបង្គោលភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់បណ្តាលឲ្យចង់បាក់ រងរបួសធ្ងន់
នៅវេលា ម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថានៅមុនពេលកើតហេតុនោះមានរថយន្តឃ្លុបព៌ណត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 07 ,2-3405 បើក
ក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច លុះបើកមកដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្តក្នុងទិសស្របជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លេីងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនត្រេនមីសិន ឡាញ : CPTL បណ្តាលឲ្យបង្គោល១ដើមបាក់ដល់ដី ទ្រេតបង្គោលផ្សេងទៀត ចំណែកអ្នកបើករថយន្តលោកឧត្តមសេនីយ៍ត្រីជុំ សេដ្ឋាមេបញ្ជាការរងនិងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ត្រូវបាននគរបាលនិងក្រុមអ្នកសង្គ្រោះប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ក្រោយគ្រោះថ្នាក់ រថយន្តលោកត្រូវនាំទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលស្រុកដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់។ទាក់ទិនករណីនេះដែរ ប្រភពព៍ត៌មានពីមន្ត្រីអគ្គីសនីនៅខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅពេលបង្គោលភ្លើងខ្សែបញ្ជូនតង់ស្រុងខ្ពស់ដួលរលំ វាជាសំណាងល្អដែរ ដោយពុំមានទុស្សេឬឆ្លងចរន្តឆក់ពលរដ្ឋនៅតាមផ្ទះដែលបង្គោលដួលលើនិងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ជាងនេះទៅទៀតចរន្តអគគីសនីក៏ត្រូវកាត់ផ្តាច់ក្នុងរយៈពេលខ្លី ពីព្រោះត្រូវក្រុមការងារអគ្គីសនីតភ្ជាប់បានប្រើប្រាស់បន្ទាន់ឡើងវិញផងដែរ ៕