លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១៣រោចខែ បុស្សឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ។ ពិធីនេះ មានការអញ្ជើញចូលរួមពីគណៈក្រុមប្រឹក្សាស្រុក គណៈអភិ បាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក អាជ្ញាធរថៃ ដែលមានភូមិសាស្រ្តជាប់ ព្រំដែនជាមួយស្រុកកំរៀង និងកងកម្លាំងនគរ បាលក្នុងអង្គភាពជាច្រើនរូប ។
នៅក្នុងលិខិតលេខ ០៥២ លកប.នប ចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលអានដោយលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ទទួលដឹកនាំរួមក្នុងអង្គភាព និងមានលោកអធិការរងចំនួន ០៧រូបផ្សេងទៀត ជាជំនួយការទទួលដឹកនាំផ្ទាល់លើផ្នែកជំនាញនានានៅក្នុង អធិការដ្ឋាននគរបាលស្រុកកំរៀង ។
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងនិងជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានថ្លៃងក្នុង ពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំក្នុងអង្គភាពអធិការដ្ឋាននគរបាលស្រុកកំរៀងនាពេលនេះថា ដើម្បីឲ្យកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលប្រកបដោយប្រសិទ្ធិភាព ក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋនៅមូលដ្ឋាន និងដើម្បីឲ្យការប្រព្រឹត្តិទៅជាប្រក្រតីក្នុងរបៀបរបបការងារប្រចាំថ្ងៃ ទើបថ្នាក់ដឹកនាំស្នងការសម្រេចប្រគល់ ភារកិច្ចជូនដល់លោកអធិការ លោកអធិការរង ដូចមានខ្លឹមសារក្នុងលិខិតបង្គាប់ការស្រាប់ ។ លោកស្នងការ រងបានស្នើឲ្យអធិការ អធិការរងទាំងអស់ត្រូវប្រតិបត្តិឲ្យបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន ហើយត្រូវសហការណ៍ឲ្យបានល្អប្រសើរជាមួយអាជ្ញាធរស្រុក អង្គភាពពាក់ព័ន្ធក្នុងដែលសមត្ថកិច្ច ជាមួយអាជ្ញាធរថៃ ជាប់ព្រំដែន ហើយត្រូវរក្សាឲ្យបានល្អបំផុតការសាមគ្គីភាពផ្ទៃក្នុងទាំងផ្ទៃក្នុងថ្នាក់ដឹកនាំនិងផ្ទៃក្នុងមន្រ្តីនគរបាលនៅក្នុងអង្គភាព។ ក្រៅពីសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរហើយ ត្រូវខិតខំបំពេញភារកិច្ចក្នុងនាមជាកងកម្លាំងនគរាបាលជាតិ ជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋ ជាអ្នកផ្តល់សេវាប្រកបដោយប្រសិទ្ធិភាពបំផុតជូនគាត់ ហើយត្រូវចៀសវាងឲ្យបាននូវការប្រើប្រាស់ពាក្យសំដី អាកប្បកិរិយា សីលធម៌ មិនសមស្របជាកងកម្លាំងនគរបាលជាតិ ជាមួយប្រជាពលរដ្ឋ ជាមួយមហាជន និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុង មូល ដ្ឋាន ៕