មន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ផ្លូវជាតិលេខ៤ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងក្រអឺតក្រទម ព្រោះមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ
ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ផ្លូវជាតិលេខ៤ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងក្រអឺតក្រទម ព្រោះមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ផងដែរ។ ប្រភពបានឲ្យដឹងថា ទោះបីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តផ្ទុកមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោកសេង សុវណ្ណារុន ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអូ ចំណា និងបក្ខពួកដែរ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។
ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តដឹកជញ្ជូនទំនិញ ដឹកជញ្ជូនក្រួស ដឹកជញ្ជូនថ្ម ឆ្លងកាត់មុខស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណាចាប់ ពី៣០០គ្រឿងឡើងទៅ ដូច្នេះលោក សេង សុវណ្ណារុន និងបក្ខពួកប្រមូលបានលុយមិនតិចឡើយ។ រថយន្តផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ដោយមិនចាំបាច់ចូលថ្លឹងឡើយ ហើយរថយន្តផ្ទុកលើសទម្ងន់ត្រូវបង់លុយច្រើនជាងរថយន្តផ្ទុកមិនលើសទម្ងន់។ លើសនេះទៅទៀតលោកសេង សុវណ្ណារុន ដែលជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា តែងតែប្រើឈ្មោះប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងប្រើឈ្មោះមន្ត្រីធំៗក្នុងក្រសួងសាធារណការមួយចំនួនដើម្បីបិទបាំងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ការដែលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តអាចជាប្រភពចំណូលរបស់លោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ។ ជាក់ស្ដែងបច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ផ្លូវជាតិលេខ៤ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន ហើយលោក សេង ឈួន រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បណ្ដោយឲ្យប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ធ្វើ អ្វីៗតាមអំពើចិត្តដែរ។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវនោះ មិនគួរមើលរំលងអំពើពុករលួយយ៉ាងរាលដាលរបស់ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណា ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់នោះទេ៕