ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ (អធិរាជ មហាសាច់) បានផ្សាយផ្ទាល់ (Live) រូបភាពនិងសម្លេងដោយធ្វើការជេរប្រមាថយ៉ាងធ្ងន់ធ្ងរ
(បាត់ដំបង)ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅរសៀលថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២០មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (អធិរាជ មហាសាច់) បានផ្សាយផ្ទាល់ (Live) រូបភាពនិងសម្លេងដោយធ្វើការជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលកំពុងបំពេញ ភារកិច្ចនៅលើដងផ្លូវសារធារណៈក្នុងគណៈ កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងស្របតាមច្បាប់តួនាទីនិងភារកិច្ចរបស់ខ្លួន។
ការបំពេញភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ត្រូវតែអនុវត្តស្របទៅតាមច្បាប់ដែលបានចែង និងបទដ្ឋានគតិយុត្ត នានាដែលបានកំណត់ដោយ គ្មានការលើកលែង និងយោគយល់បានឡើយចំពោះអ្នកប្រព្រឹត្តិខុសច្បាប់។ ករណីអ្នកបើកបរ (គ្មានប័ណ្ណបើកបរ) ត្រូវទទួលការពិន័យអន្តរការណ៍ស្របតាមមាត្រា១០នៃអនុក្រិត្យលេខ ៤៤អន ក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
សកម្មភាពរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើមានចេតនាគាំទ្រយ៉ាងពេញទំហឹង និងកំពុងលើកទឹកចិត្តចំពោះអ្នកប្រព្រឹត្តិផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាក្រៅពីនេះសកម្មភាពរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើបានប្រព្រឹត្តិផ្ទុយយ៉ាងជាក់ស្តែង នឹងជំពូកទី៤ មាត្រា៥០២ ក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលមានចែងពីការជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈហើយអំពើនេះត្រូវទទួលនូវទោសព្រហ្មទ័ណ្ឌផង ដែរចំពោះអ្នកប្រព្រឹត្តិ ។
សកម្មភាពជេរប្រមាថមាក់ងាយចំពោះមន្រ្តីនគរបាលជាតិ ជាសាធារណ:បែបនេះយេីងមិនអាចទទួលយកបានឡេីយ នៅពេលនេះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកំពុងពិនិត្យ និងពិចារណាអំពីវិធានការខាងផ្លូវច្បាប់ចំពោះទង្វើនិងសកម្មភាពខុសឆ្គង របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើហេីយ ។
សូមជម្រាបជូនថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១បានចែងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃឡើយការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តិតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ដូច្នេះសូមបងប្អូនប្រជាពល
រដ្ឋមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នាដោយសេចក្តីគោរពនិងភាតរភាពបំផុត ៕