ប្រទេសនៅទ្វីបអឺរ៉ុបដែលរងគ្រោះដោយសារជំងឺរាតត្បាត បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតរបស់ពួកគេ....
ប្រទេសនៅទ្វីបអឺរ៉ុបដែលរងគ្រោះដោយសារជំងឺរាតត្បាត បានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតរបស់ពួកគេ ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។
ប្រទេសអ៊ីតាលី មានចំនួនអ្នកស្លាប់ ៣៦៨នាក់បន្ថែមទៀត សរុប ១៨០៩នាក់, ប្រទេសអេស្ប៉ាញ មានអ្នកស្លាប់ចំនួន ៩៧នាក់បន្ថែមទៀត សរុប ២៨៨ នាក់, ប្រទេសបារាំង មានអ្នកស្លាប់ចំនួន ២៩នាក់បន្ថែមទៀត សរុប ១២០នាក់ ខណៈចក្រភពអង់គ្លេស មានអ្នកស្លាប់ថ្មីចំនួន ១៤នាក់ សរុប ៣៥នាក់ហើយ។
ទោះជាយ៉ាងណា រដ្ឋាភិបាលនៅទូទាំងទ្វីបអឺរ៉ុប បានឆ្លើយតបទៅនឹងជំងឺកូវីដ១៩ នេះ ដោយរារាំងចលនារបស់ពលរដ្ឋ និងរឹតបន្តឹងព្រំដែនផងដែរ។ ជាក់ស្តែង ប្រទេសអាល្លឺម៉ង់ នឹងដាក់ការត្រួតត្រានៅតាមព្រំដែនរបស់ខ្លួន ជាមួយ បារាំង ស្វីស អូទ្រីស ដាណឺម៉ាក និង លុចសំបួ នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈ ព័រទុយហ្កាល់ នឹងគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយ អេស្បាញ។
ដោយឡែក រដ្ឋាភិបាលប្រទេសឆេក (Czech) បានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹង ដោយប្រជាជននឹងត្រូវអនុញ្ញាតឲ្យតែទៅធ្វើការ និងត្រលប់មកផ្ទះវិញ និងទិញអាហារ ឬថ្នាំ ហើយទៅលេងគ្រួសារតែពេលចាំបាច់ប៉ុណ្ណោះ ខណៈការដើរហើរសេរីនឹងត្រូវហាមឃាត់ ចាប់ពីពាក់កណ្តាលអធ្រាត្រ (ចាប់ផ្តើមពីថ្ងៃទី ១៥ រហូតដល់ ២៤ មីនា)។
រីឯប្រទេសអូទ្រីសវិញ កំពុងហាមឃាត់ការប្រមូលផ្តុំគ្នា ដែលមានមនុស្សលើសពី ៥នាក់ ចាប់ពីថ្ងៃច័ន្ទនេះ ហើយសាធារណរដ្ឋអៀរឡង់វិញ កំពុងស្នើសុំឲ្យតៀមស្រាបិទទ្វារ រហូតដល់ថ្ងៃទី២៩ ខែមីនា។ សាលាក៏នឹងត្រូវបិទទ្វារនៅទូទាំងទ្វីបអឺរ៉ុបផងដែរ៕